មាឃបូជា
មាឃបូជា ជាពីធីបុណ្យមួយដែលមានសារៈសំខាន់នៅក្នុងពុទ្ធសាសនា ដែលរួមមាន : មាឃបូជា ពិសាខបូជា អាសាឍបូជា និងបុណ្យបវារណា (ចេញវស្សា)។ បុណ្យមាឃបូជាប្រារព្ធឡើង ដើម្បីរំលឹកដល់ថៃ្ងដែល ព្រះសម្មាសម្ពុទ្ធទ្រង់ប្រកាសបង្កើត ព្រះពុទ្ធសាសនាឡើងក្នុងលោកនាប្រទេសឥណ្ឌាកាលពី ៥៨៨ ឆ្នាំ មុនគ្រិស្តសករាជ នាថៃ្ងទី ១៥កើត ខែមាឃ ក្រោយពីការត្រាស់ដឹងរបស់ព្រះអង្គចំនួន ៩ ខែគត់។ ការបង្កើតព្រះពុទ្ធសាសនា ក្នុងឋានៈជាអង្គការសាសនាមួយនេះ ធ្វើឡើងនៅ ក្នុងចំណោម ព្រះសង្ឃចំនួន ១២៥០ អង្គ ជាសមាជិក ក្នុងអង្គមហាសន្និបាតមួយ ដែលបាននិមន្តមកពីគ្រប់ស្រទាប់វណ្ណៈទាំងអស់។ នៅក្នុងមហាសន្និបាតនោះ ព្រះសម្មាសម្ពុទ្ធ ទ្រង់បានប្រកាសនៅគោលការណ៍ ចំនួន១១ ប្រការ សម្រាប់ឲ្យសមាជិកមហាសន្និបាត ទាំងអស់កាន់យកជាវិថីជីវិត និងសម្រាប់យកទៅ ផ្សព្វផ្សាយ ដល់ជនដទៃទៀត ឲ្យបានយល់ពី ពុទ្ធសាសនា ។ គោលការណ៍ ទាំង១១ប្រការនេះ មានឈ្មោះជាភាសាបាលីថា "ឱវាទបាដិមោក្ខ" ដែលពុទ្ធសាសនិកជនម្មាក់ៗ ត្រូវយកមក សិក្សាឲ្យ យល់ដឹង និងអនុវត្តដូចតទៅ :
1. គោលបំណងៈ គោលបំណងរបស់របស់ ព្រះពុទ្ធសាសនា ឬក៏ដូចជា គោលបំណងរបស់ ពុទ្ធសាសនិកម្នាក់ៗ គឺ សែ្វងរកនិព្វានដែលប្រែថា សភាវប្រាសចាក ទុក្ខមិនមាន សេចក្តីទុក្ខ មិនមានបញ្អា នៅក្នុងដួងចិត្តរបស់ខ្លួន ពាក្យនិព្វាននេះ មានន័យស្មើនិង ពាក្យថា "សន្តិ "ដែលប្រែថា" សេចក្តីស្ងប់ " ។ យើងអាចនិយាយថា គោលបំណង របស់ព្រះពុទ្ធសាសនា គឺការបង្កើតឡើងនូវ សន្តិភាព ក្នុងដួងចិត្តនេះដែរ ក៏ជាមូលដ្ឋានគ្រឹះនៃ សន្តិភាពក្នុងសង្គម ដែលខ្លួនរស់នៅផង។ ការកាន់ព្រះពុទ្ធសាសនា គឺជាការប្រឹងប្រែង ដើម្បីបង្កើតសន្តិភាពដល់ខ្លួន និងចូលរួមចំណែកដល់ សន្តិភាពសង្គម និងពិភពលោក នេះជាកាតព្វកិច្ច ដែលពុទ្ធសាសនិកម្នាក់ៗ ត្រូវប្រឹងប្រែង ធ្វើអោយសម្រេច ។
2. គោលដៅ :សន្តិភាព ប្ញនិញ្វន មិនមែនកើតឡើងដោយការសុំបន់ស្រន់បួងសួងទេ និងក៏មិនអាចកើត ឡើងដោយសារផ្តល់ ឬប្រទានឲ្យ ដោយចិត្តស្រឡាញ់ មេត្តារបស់ អាទិទេព ឬព្រះជាម្ចាស់ អង្គណាមួយឡើយ សន្តិភាពនេះ កើតដោយសារការសន្សំ របស់សកម្មភាព៣យ៉ាងគឺ:
1. ការមិនធ្វើអាក្រក់ ការកម្ចាត់អំពើអាក្រក់ ការកម្ចាត់អំពើអាក្រក់ និងការពារអំពើអាក្រក់គ្រប់ប្រភេទ មិនឲ្យកើតក្នុងជីវិតរស់នៅទាំងផ្លូវកាយនិងផ្លូវសម្តី។
2. ការធ្វើអំពើល្អ បង្កើតអំពើល្អ និងរក្សាអំពើល្អឲ្យ ស្ថិតសេ្ថរគង់វង្សក្នុង ជីវិតរស់នៅប្រចាំថៃ្ង ទាំងអំពើល្អខាងផ្លូវកាយនិងផ្លូវសម្តី។
3. ពង្រឺងចិត្តដែលជាមូលដ្ឋាននៃអំពើ ដោយកម្ចាត់កិលេស ឬមេរោគដែលតោង ចិត្តឲ្យអស់ទៅ រហូតដល់ចិត្តស្អាតបរិសុទ្ធ មិនមានសភាវៈអាក្រក់ស្ថិតនៅ។
3. លក្ខណៈរបស់ព្រះពុទ្ធសាសនិកជន ៖
1. លក្ខខណ្ឌទី១៖ មានការអត់ធ្មត់ក្នុងការធ្វើអំពើល្អ និង កម្ចាត់អំពើអាក្រក់។
2. លក្ខខណ្ឌទី២៖ មិនប្រើអំពើហិង្សាក្នុងការរស់នៅ។
3. លក្ខខណ្ឌទី៣៖ មិនប្រើពាក្យបៀតបៀននិងតិៈដៀលអ្នកដទៃ។
4. លក្ខខណ្ឌទី៤៖ រក្សាសីល រស់នៅក្នុងច្បាប់ យកច្បាប់ជាធំ។
5. លក្ខខណ្ឌទី៥៖ បរិភោគ ប្រើប្រាស់វត្ថុទាំងទ្បាយដោយសន្សំសំចៃនិងស្គាល់ប្រមាណ។
6. លក្ខខណ្ឌទី៦៖ ចូលចិត្តភាពស្ងប់ស្ងាត់ និង បង្កើតបរិយាកាសស្ងប់ស្ងាត់។
7. លក្ខខណ្ឌទី៧៖ មានសេចក្តីព្យាយាមក្នុងការសម្អាតចិត្ត ធ្វើឲ្យចិត្តមានសមាធិ។
4. មេរៀនពីបុណ្យមាឃបូជា ៖ថៃ្ងនេះជាថៃ្ងដែល ព្រះពុទ្ធអង្គទ្រង់ប្រកាសគោលការណ៍ទាំង១១ ប្រការនេះ សម្រាប់ជាប្រយោជន៍ដល់បរិស័ទយកទៅប្រើប្រាស់ៈ
1. ចំណុច១៖ ក្នុងឋានៈជាបរិស័ទ ការអនុវត្តន៍តាមប្រការទាំង១១នេះ នឹងនាំទៅរកសន្តិភាពផ្លូវចិត្តជាពិតប្រាកដ។
2. ចំណុច២៖ ក្នុងឋានៈជាពលរដ្ឋ ក្នុងសង្គមការមាន គោលបំណង រួមមានគោលដៅដូចគ្នា និងការប្រព្រឹត្តប្រហាក់ប្រហែលគ្នានេះ នឹងអាចនាំមកនូវ សន្តិភាព និង ការអភិវឌ្ឍន័ដែលប្រកបដោយនិរន្តភាព។
3. ចំណុច៣៖ ក្នុងឋានៈជាក្រុមបក្សនៅ ក្នុងសង្គម ឬប្រទេសជាតិមួយ ដែលព្យាយាម សែ្វងរកនូវឱកាស ដើម្បីរក្សាសន្តិភាព និងជំរុញដល់ ការអភិវឌ្ឍន៍ដល់ ប្រទេសជាតិតែឯងនោះ ការគោពតាមគោលការណ៍ទាំង ១១ប្រការនេះ នឹងកាត់បន្ថយបាននូវអស្ថិរភាព ជម្លោះ និងអំពើ ហិង្សា ដែលកើតមកពីការប្រកូតប្រជែងគ្នាបាន។
4. ចំណុច៤៖ ក្នុងឋានៈជាអ្នកផ្សាយសាសនា ការប្រព្រឹត្តទៅតាមគោលការណ៍នេះ នឹងនាំឲ្យមានការយោគយល់ការផ្តល់កិត្តិយស ដល់គ្នានិងគ្នា និងការរស់នៅជុំគ្នា ក្នុងឋានៈជាមនុស្សជាតិបាន បើទោះជាមាន សាសនាខុសគ្នាៗក៏ ដោយ។ ចំណុច៥ ក្នុងឋានៈជាអន្តរជាតិ ការគោរពតាមគោលការណ៍នេះ នឹងនាំមកនូវនិរន្តរភាព របស់មនុស្សជាតិ បរិស្ថានធម្មជាតិ ពិភពសត្វ និងអាកាសធាតុដ៏យូរអងែ្វងបាន ដោយមិនបាច់ ព្រួយបារម្ភក្នុងការដណ្តើមគ្នា ដើម្បីរស់ឡើយ។
សង្ឃឺមថា យើងម្នាក់ៗអាចទាញយកប្រយោជន៍បានខ្លះពីថៃ្ងមាឃបូជានេះ នឹងអញ្ជើញនាំគ្នាធ្វើបុណ្យទានរក្សាសីល និងសមាធិសម្អាតចិត្ត របស់ខ្លួនក្នុងថៃ្ងនេះ ដើម្បីបូជា និង រំលឹកចំពោះគុណព្រះសម្មាសម្ពុទ្ធដែលព្រះអង្គ បានបង្កើត ព្រះពុទ្ធសាសនាសម្រាប់ជាមាគ៌ាជីវិតដល់ពួកយើងទាំងអស់គ្នា។
មាឃបូជា
តាមវចនានុក្រមខ្មែរ
(ន.) (សំ.),(បា.) (មាឃៈ--) (មាឃ + បូជា) ការធ្វើបូជាក្នុងខែមាឃ ។ ឈ្មោះបុណ្យមួយសម្រាប់ពុទ្ធសាសនា ធ្វើក្នុងថ្ងៃពេញបូណ៌មីខែមាឃ រំឮកដល់ សាវកសន្និបាត “ការប្រជុំសាវ័ក” នៃព្រះសម្ពុទ្ធដែលហៅថា ចាតុរង្គសន្និបាត “ការប្រជុំមានអង្គបួន” គឺ ១- ថ្ងៃនោះព្រះចន្ទ្រចរចូលដល់មាឃនក្សត្រ (ថ្ងៃពេញបូណ៌មីខែមាឃ); ២- ព្រះភិក្ខុសង្ឃចំនួន ១.២៥០ រូប ឥតបានមត់កំណត់ពេលគ្នាជាមុនសោះ ក៏ស្រាប់តែមកប្រជុំព្រមគ្នា ក្នុងសំណាក់ព្រះបរមសាស្តា; ៣- ព្រះភិក្ខុសង្ឃទាំងអម្បាលនោះសុទ្ធតែជា ឯហិភិក្ខុដូចគ្នាទាំងអស់; ៤- ព្រះភិក្ខុសង្ឃទាំងនោះសុទ្ធតែជាព្រះអរហន្ត ។ ការប្រជុំមានអង្គ ៤ ដូច្នេះ ក្នុងពុទ្ធសម័យមានតែម្ដងគត់; ក្នុងវេលានោះ ព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់សម្ដែងឱវាទបាតិមោក្ខ ...។ ពួកពុទ្ធមាមកជនគ្រប់ប្រទេសក្នុងសាសនកាលរៀងមក កំណត់យកថ្ងៃពេញបូណ៌មីខែមាឃរាល់ឆ្នាំ ថាជាថ្ងៃសំខាន់មួយក្នុងការធ្វើបូជា : ថ្ងៃមាឃបូជា, ធ្វើមាឃបូជា, បុណ្យមាឃបូជា ។
0 comments:
Post a Comment
លោកអ្នកអាចបញ្ចេញមតិនៅទីនេះ តែសូមមេត្តាជៀសវាងប្រើប្រាស់ពាក្យ អសុរសគ្រោតគ្រាធ។ អរគុណ!