គ្រប់ពត៌មានខ្មែរទាំងអស់ ឃើញសុទ្ធបញ្ហាសង្គមដែលជាបញ្ហាមួយដ៏គួរអោយព្រួយបារម្ភជាទីបំផុត។ បញ្ហាទាំងនោះមានដូចជា ការចាប់រំលោភក្មេងមិនទាន់គ្រប់អាយុ ការជួញដូរគ្រឿងញៀននិងមនុស្សឃាត ដែលសុទ្ធតែបញ្ហាយ៉ាងធ្ងន់ធ្ងរបំផុតចំពោះសង្គមខ្មែរបច្ចុប្បន្ននេះ។
បញ្ហារំលោភសេពសន្ធវៈកើតមានជាពិសេសចំពោះអនីតិជន ដែលរដ្ឋាភិបាលគួរតែយកចិត្តទុកដាក់ ជាទីបំផុត មិនគួរអោយជនល្មើសរួចពីទោសទណ្ឌដាច់ខាត ឬមិនគួរដាក់ទោសបន្ដិចបន្តួច ដោយដោះស្រាយគ្នាក្រៅច្បាប់នោះឡើយ។ ទង្វើទាំងអស់នេះបង្ហាញពីការ ធ្លាក់ចុះយ៉ាងធ្ងន់ធ្ងរនៃ សីលធម៌ សង្គមខ្មែរបច្ចុប្បន្ន។ មូលហេតុទាំងអស់នេះមានកត្តាជាច្រើន ដូចជា៖
- ប្រជាពលរដ្ឋខ្មែរខ្វះការអប់រំ
- ប្រពន្ធច្បាប់នៅមានកំរិត
- តុលាការខ្វះភាពយុត្តិធម៌
- បញ្ហាពុករលួយ
- បញ្ហាបក្សពួកនិយមនិងខ្សែរបណ្ដាញ
- បញ្ហាខ្វះការងារធ្វើ។ល។និង។ល។....
បញ្ហាគ្រឿងញៀនក៏ជាបញ្ហាដែលត្រូវតែយកចិត្តទុកដាក់ជាទីបំផុតដែរ ពីមុនខ្មែរគ្មានទេគ្រឿងញៀន មិនថា នៅទីក្រុងនិងជនបទ តែឥឡូវមិនថាទីក្រុងនិងជនបទឡើយគឺសុទ្ធតែមានទាំងអស់។ តើពលរដ្ឋខ្មែរទៅជា យ៉ាងណាទៅ បើប្រទេសទាំងមូលពោរពេញដោយគ្រឿងញៀននោះ ? តើអនាគតកូនខ្មែរនឹងក្លាយទៅជា មនុស្សដែលជោគជាំដោយគ្រឿងញៀនមែនទេ? មើលចុះគ្រប់កាសែតទាំងអស់របស់ខ្មែរ សុទ្ធតែចុះផ្សាយ អំពីនគរបាលបង្រាប់ការជួញដូរគ្រឿងញៀន បង្រាបមិនចេះអស់ បង្រាបកាន់តែច្រើនជួញដូរក៏កាន់តែច្រើន មានទាំងកូនអ្នកតូច ទាំងអ្នកធំ។ តើអនាគតកូនខ្មែរទៅជាយ៉ាងណា?
មួយទៀតនោះគឺមនុស្សឃាត មានគ្រប់ជំពូកគ្រប់ប្រភេទ តើវាជាសង្គមតិរច្ឆានមែនឬ ព្រោះអ្នកណាធំមាន អំណាច មានលុយ មានសក្កិយស ជាអ្នកឈ្នះ ហើយអ្នកតូចជាអ្នកចាញ់ បើសិនជាយ៉ាងនេះមែននោះតើ ឯណាទៅនីតិរដ្ឋ យុត្តិធម៌សង្គម ? នេះជាមតិផ្ទាល់ខ្លួនខ្ញុំប៉ណ្ណោះ ដោយសារតែអានកាសែតឃើញសុទ្ធតែ អំពើទាំងនេះ ទើបធ្វើអោយខ្ញុំបញ្ចេញមតិទៅ តែសង្ឃឹមថាមិនប៉ះពាល់ដល់នយោបាយឡើយ ព្រោះខ្ញុំមិនជា អ្នកនយោបាយឡើយ ហើយក៏គ្មាននិន្នាការលំអៀងទៅខាងណាដែរ។ បើបងប្អូនចូលចិត្តអានកាសែត ប្រាកដជាបានឃើញជាក់ជាពុំខានឡើយនូវអត្ថបទចុះផ្សាយរាល់ថ្ងៃស្ដីអំពីការរំលោភ ជួញដូរគ្រឿងញៀន និងមនុស្សឃាត។
ជាទីអវសាន្ដនៃវាចារបស់ខ្ញុំគឺថា សូមអោយរដ្ឋាភិបាលយកចិត្តទុកដាក់ជាទីបំផុតចំពោះបញ្ហាទាំងអស់នេះ ហើយបន្តផ្សព្វផ្សាយអោយបានទូលំទូលាយដល់ពលរដ្ឋខ្មែរគ្រប់រូបអោយបានយល់ដឹងកាន់តែល្អថែមទៀត ជាពិសេសជួយដោះស្រាយដោយមិនមានការរើសអើង វណ្ណៈ ពណ៌សម្បុរណាមួយឡើយ។
0 comments:
Post a Comment
លោកអ្នកអាចបញ្ចេញមតិនៅទីនេះ តែសូមមេត្តាជៀសវាងប្រើប្រាស់ពាក្យ អសុរសគ្រោតគ្រាធ។ អរគុណ!