១.ភាសិតៈ
ទីណាមានមនុស្សភេទប្រុសស្រី ទីនោះគប្បីសន្មតចុះ
ប្រាកដជាមានអង្គព្រះរស់ ដែលធ្លាប់ហៅឈ្មោះថាម៉ែឪ។
ទីណាដែលគ្មានព្រះរស់ទេ ទីនោះទំនេរស្ងាត់ពេកកូវ
គ្មានមនុស្សដីទឹកគ្មានគ្រប់ផ្លូវ ពិភពលោកត្រូវសូន្យគ្រប់យ៉ាង ។
ដោយៈ សុង ស៊ីវ
២.ភាសិតៈ
ពាក្យអ្វីៗមិនស្មើនិងពាក្យថា ម៉ែ ឪ ម៉ៈ ប៉ា ប៉េ ចិ ជិម
ជាពាក្យវិសេសឥតអ្វីផ្ទឹម ពាក្យមានសង្ឃឹមក្នុងលោកិយ។
ពាក្យនេះជានាមនៃព្រះរស់ មនុស្សលោកទាំងអស់ទាំងប្រុសស្រី
ហៅតាំងពីតូចទើបចេះស្ដី ដល់ស្លាបដេកដីទើបឈប់ហៅ ។
ដោយៈ សុង ស៊ីវ
៣.ភាសិតៈ
មនុស្សលោកមានកម្មជាពូជពន្ធុ មិនមែនទេវមន្តព្រះអល្លាហ៍
ព្រះព្រហ្ម ឥសូរ ជេហូវ៉ា សេកមន្តគាថាបង្កើតបាន។
កំណើតមនុស្សពិតកើតពីកម្ម ផ្សំធាតុទាំងប្រាំបីកើតប្រាណ
ធម្មតាតាក់តែងតាមលំអាន កើតបានជាឈើព្រៃព្រឹក្សា ។
៤.ភាសិតៈ
ម៉ែឪជាបុគ្គលប្រសើរណាស់ក្នុងលោកិយ កូនប្រុសស្រីកុំយល់ថាមានគុណតែត្រឹមខ្លួន
ម៉ែឪគឺជាម៉ែឪសកលលោកពេញចំនួន ទាំងម៉ែឪក្បូនច្បាប់វិទ្យាសាស្ត្រទាំងអស់។
ព្រោះអ្នកប្រាជ្ញអ្នកមានយសមានទ្រព្យគ្រប់ឋានៈ គ្មាននរណាម្នាក់កើតមកឥតម៉ែឥតឪសោះ
គ្រប់ជាតិសាសន៍សុទ្ធតែកូនម៉ែកូនឪទាំងអស់ នេះឯងព្រះរស់កូនត្រូវបូជាគុណរាល់ពេល
ដោយៈ សុង ស៊ីវ
Post a Comment
លោកអ្នកអាចបញ្ចេញមតិនៅទីនេះ តែសូមមេត្តាជៀសវាងប្រើប្រាស់ពាក្យ អសុរសគ្រោតគ្រាធ។ អរគុណ!