Buddhism compare to other religions


ភាគទី៥ បញ្ចប់





សេចក្ដីសាបសូន្យនៃព្រះពុទ្ធសាសនានៅប្រទេសយើង



ចំណែកលទ្ធិហីនយានដែលផ្សាយចូលមកក្នុងប្រទេសយើង សូម្បីមានរដ្ឋាភិបាលទំនុកបំរុង ក៏ពិតមែន តែបើព្រះសង្ឃមិនប្រតិបត្ដិតាមធម៌វិន័យដោយម៉តចត់ទេ ព្រះពុទ្ធសាសនាក៏ចេះតែសាប សូន្យទៅម្ដងបន្ដិចម្ដងបន្ដិច ក្នុងទីបំផុតក៏នឹងសរសេរមន្ដអាគម ដាក់នៅទង់ក្រពើបង្ហូតទុកតាមវត្ដ ឬ តាមភូមិឬក៏សរសេរប្របត់ព្យួរទុកតាមសាលា ដោយគិតថាធ្វើដូច្នេះ ជាបុណ្យកុសលពេញទី ។ សេចក្ដីសាបសូន្យនៃព្រះពុទ្ធសាសនាដែលប្រព្រឹតទៅតាមទំនងនេះដោយហេតុ២ប្រការគឺៈ
១. មកពីព្រះសង្ឃដែលបួសក៏សោះតែថាបួស មិនយកចិត្ដដាក់ក្នុងព្រះធម៌ព្រះវិន័យដោយ ម៉ត់ចត់ ។
២. គ្រហស្ថដែលទំនុកបំរុងព្រះសង្ឃ មិនចេះរើសថា ព្រះសង្ឃណាគួរទំនុកបម្រុងឬមិនគួរទំ នុកបម្រុង ។



ការបួស


ការបួសនោះតាមគោលបំណងនៃព្រះពុទ្ធសាសនា មិនមែនបួសដើម្បីអាជីព មិនមែនបួស ដើម្បីសម្រាករាងកាយឲ្យស្រួលមួយដងមួយគ្រាឬមិនមែនបួសចៀសកិច្ចការដែលខ្លួនខ្ចិលប្រតិបត្ដិ នោះទេ ។ ការបួសដោយពិតនោះ សំដៅយកការបួសដើម្បីរលាស់ការកង្វល់ក្នុងទ្រព្យសម្បត្ដិ ដែល ជាគ្រឿងធ្វើចិត្ដអោយសៅហ្មងផ្សេងៗ ឬថាបួសដើម្បីរលាស់ទុក្ខ ធ្វើព្រះនិព្វានឲ្យជាក់ច្បាស់ក្នុងដួង ចិត្ដ ។



ព្រះសង្ឃដែលគួរទំនុកបម្រុង


១. បួសបំណងរលាស់កាម ទាំងធ្វើប្រយោជន៏ដល់ប្រជាជន ។
២. បួសតាំងចិត្ដព្យាយាមរៀនធម្មវិន័យ ដើម្បីទ្រទ្រង់ទុកឲ្យបានឋិតថេរចិរកាល ។
៣. បួសរៀនចេះហើយ ប្រដៅប្រជាជន ឲ្យវៀរចាកទុច្ចរិត មានមិនឲ្យបៀតបៀនគ្នានឹងគ្នា ។
៤. បួសហើយប្រព្រឹត្ដតាមត្រូវ ធ្វើអោយជាតួយ៉ាងដល់សហព្រហ្មចារី ។
៥. បួសហើយ មិនចង់បានប្រៀបនឹងពួកអ្នកស្រុក គឺរង់ចាំតែការទំនុកបម្រុងប៉ុណ្ណោះ មិនធ្វើ ប្រយោជន៏តបវិញ គឺមិនជួយភ្ជួររាស់គ្រហស្ថជាដើម ។
ព្រះសង្ឃដែលបួសតាមលក្ខណៈ៥ប្រការនេះ ជាអ្នកអស់កង្វល់ក្នុងកាម នៅត្រូវការចតុ បច្ច័យ ដែលខានមិនបានគឺ ចង្ហាន់បិណ្ឌបាត១ ចីវរ គ្រឿងស្លៀកដណ្ដប់១ សេនាសនៈ ទីសំណាក់ អាស្រ័យ១ ភេសជ្ជៈថ្នាំការពាររោគ១ ។ ព្រះដែលមានលក្ខណៈដូចពោលមកនេះ ជាសង្ឃដែលគួរ ទំនុកបំរុង ។



ផ្លូវជាគ្រឿងការពារព្រះពុទ្ធសាសនាមិនអោយសាបសូន្យ


ផ្លូវជាគ្រឿងការពារព្រះពុទ្ធសាសនាមិនឲ្យសាបសូន្យនោះគឺកាលបើយើងឃើញថាសាសនា នឹងសាបសូន្យ ដូចអាការដែលបានពោលមកហើយ បើយើងមានបំណងចង់អោយព្រះពុទ្ធសាសនា ចំរើន យើងត្រូវបួសដោយសទ្ធាជ្រះថ្លា ហើយប្រតិបត្ដិអោយត្រង់តាមអដ្ឋង្គិកមគ្គ ទាំង៨បើអាចធ្វើ អោយសំរេចមគ្គផលបាន ក៏ធ្វើអោយពេញទំហឹង ដរាបដល់បានសម្រេច បើមិនអាចទេ ក៏ប្រតិបត្ដិ អោយត្រឹមត្រូវតាមធម៌វិន័យ តំកល់ខ្លួនអោយជាកល្យាណបុថុជ្ជន ។ អ្នកទំនុកបម្រុងព្រះសង្ឃក៏ត្រូវ ជ្រើសរើសរកព្រះសង្ឃដែលគួរទំនុកបំរុង ដើម្បីកាត់ផ្លូវជនទុច្ចរិតដែលចូលមកបួសបំផ្លាញសាសនា ដោយគិតតែប្រយោជន៏ផ្ទាល់ខ្លួន ។
យើងត្រូវចូលចិត្ដថា ព្រះពុទ្ធសាសនានេះ ជាសាសនាដែលជនជាតិយើងធ្លាប់កាន់មក បានដល់ទៅ ២៥០០ឆ្នាំហើយ សព្វថ្ងៃនេះ យើងក៍នៅតែសិក្សាព្រមទាំងប្រតិបត្ដិយ៉ាងមាំមួន ប្រទេសយើងប្រៀង ដូចជាបន្ទាយដ៍ធំមួយនៃព្រះពុទ្ធសាសនា ព្រោះដូច្នេះហើយ ទើបជានាទីរបស់យើង ដែលជាពួកពុទ្ធ បរិស័ទ ត្រូវតស៊ូទាំងថែរក្សា នូវកម្ពុជរដ្ឋអោយបានស្ថិតឋេរអង្វែងទៅ ព្រះពុទ្ធសាសនាក៏នឹងរុងរឿង ដោយសារនោះផង ដើម្បីទុកជាកេរ្ដិមត៌កអោយកូនចៅរបស់យើងទៅអនាគតកាល ។





ការប្រតិបត្ដិធម៌នឹងគោលធម៌ដែលគួរប្រតិបត្ដិ

ការប្រតិបត្ដិធម៌និងគោលធម៌ដែលយើងគួរប្រតិបត្ដិក្នុងទីនេះ ពោលដោយសង្ខេបមាន៤យ៉ាងគឺ ៈ
១. ការដល់ព្រះត្រៃសរណគមន៍
២. ការប្រតិបត្ដិសុចរិតក្នុងត្រៃទ្វារ
៣. ការដម្កល់ខ្លួននៅក្នុងនិច្ចសីល
៤. ការកំណត់ដឹងនូវអរិយសច្ច៤ ។

ការដល់ព្រះត្រៃសរណគមន៍

ការដល់ព្រះត្រៃសរណគមន៍នោះ គឺដឹងគុណព្រះពុទ្ធ ព្រះធម៌ព្រះសង្ឃថាៈ
១. ព្រះពុទ្ធទ្រង់ត្រាស់ដឹង ដោយព្រះអង្គឯងមុនហើយ ប្រដៅអ្នកដទៃដឹងតាមផង ។
២. ព្រះធម៌គឺធម៌វិន័យ ជាពាក្យប្រៀនប្រដៅរបស់ព្រះពុទ្ធ ។
៣. ព្រះសង្ឃគឺពួកសាវ័ក ដែលស្ដាប់ពាក្យប្រដៅរបស់ព្រះពុទ្ធ ហើយប្រតិបត្ដិតាមធម៌វិន័យ ទាំងប្រដៅអ្នកដទៃអោយប្រតិបត្ដិតាមផង ។
ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ទាំង៣នេះហៅថា ព្រះរតនត្រ័យ យើងកាន់យកជាទីពឹងទីរលឹក ហៅថា ដល់ត្រៃសរណគមន៍ ។


ការប្រព្រឹត្ដសុចរិតក្នុងត្រៃទ្វារ

ការប្រព្រឹត្ដិសុចរិតក្នុងត្រៃទ្វារនោះគឺ ប្រព្រឹត្ដសុចរិតដោយកាយ១ ដោយវាចា១ដោយចិត្ដ១ ។

ប្រព្រឹត្ដសុចរិតដោយកាយនោះគឺ

១. រៀរចាកការសម្លាប់សត្វ
២. រៀរចាកការលួចទ្រព្យ
៣. វៀរចាកការគន្លងប្រពៃណី ។
ប្រព្រឹត្ដសុចរិដោយវាចានោះគឺ

១. វៀរចាកការនិយាយកុហក
២. រៀរចាកការនិយាយចាក់ដោត
៣. វៀរចាកការនិយាយញុះញង់
៤. រៀរចាកការនិយាយពាក្យឥតប្រយោជន៍ ។
ប្រព្រឹត្ដសុចរិតដោយចិត្ដនោះគឺ

១. រៀរចាកល្មោភចំពោះទ្រព្យអ្នកដទៃ
២. វៀរចាកការចងគំនុំចំពោះអ្នកដទៃ
៣. ធ្វើចិត្ដអោយឃើញត្រង់តាមសភាវធម៌ ។

ការដំកល់ខ្លួននៅក្នុងនិច្ចសីល

ការដំកល់ខ្លួននៅក្នុងនិច្ចសីលនោះគឺ ៈ
១.រៀរចាកការសម្លាប់សត្វ
២. រៀរចាកការលួចទ្រព្យគេ
៣. វៀរចាកការគន្លងប្រពៃណី
៤. វៀរចាកការនិយាយកុហក
៥. រៀរចាកការផឹកក្រេបនូវសុរានិងគ្រឿងស្រវឹងផ្សេងៗ ។
ការកំណត់ដឹងអរិយសច្ច៤


ការកំណត់ដឹងអរិយសច្ច៤នោះគឺ កំណត់ដឹងទុក្ខ១ កំណត់ដឹងហេតុជាទីកើតនៃទុក្ខ១ កំណត់ ដឹងការរំលត់ទុក្ខ១ កំណត់ដឹងផ្លូវប្រតិបត្ដិដើម្បីរំលត់ទុក្ខ១ ។
១. ទុក្ខ បានដល់សេចក្ដីមិនសប្បាយកាយមិនសប្បាយចិត្ដ ។
២. ហេតុជាទីកើតនៃទុក្ខ បានដល់តណ្ហា៣ប្រការ គឺកាមតណ្ហា សេចក្ដីប្រាថ្នាក្នុងអារម្មណ៍ ដែលគួរស្រឡាញ់១ ភវតណ្ហា សេចក្ដីចង់មានចង់កើតជានេះជានោះ១ វិភវតណ្ហា សេចក្ដីមិនចង់ មានមិនចង់កើតជានេះជានោះ១ ។
៣. ការរំលត់ទុក្ខ បានដល់ការរំលត់តណ្ហា ដែលពោលមកហើយនោះ ដោយអស់ជើង ។
៤. ផ្លូវប្រតិបត្ដិដើម្បីរំលត់ទុក្ខ នោះមាន៨ប្រការគឺ បញ្ញាឃើញប្រពៃ១ ត្រិះរិះប្រពៃ១ ចរចារប្រ ពៃ១ ធ្វើការងារប្រពៃ១ ចិញ្ចឹមជីវិតប្រពៃ១ ព្យាយាមប្រពៃ១ តាំងស្មារតីប្រពៃ១ តាំងចិត្ដប្រពៃ១ ។





ប្រយោជន៍នៃការប្រតិបត្ដិសីលធម៌


ការប្រតិបត្ដិសីលធម៌ដូចការពោលមកនេះហើយ អ្នកប្រតិបត្ដិតែងឃើញ ប្រយោជន៍ជាក់ ច្បាស់ដោយខ្លួនឯង ដូចតទៅនេះ៖
១. តែងបានទទួលសេចក្ដីសុចផ្លូវចិត្ដ ដោយដឹងចំពោះខ្លួនថា អាត្មាអញបានដម្ដល់ខ្លួនទុក ក្នុងសីលធម៌ដ៏ប្រពៃ ។
២. ជាទីទុកចិត្ដរបស់អ្នកដទៃ ទាំងប្រកបកិច្ចការអ្វីៗ តែងសម្រេចបានដោយស្រួល ព្រោះអ្នក ដែលធ្វើការទាក់ទងជាមួយគ្នានោះ មិនមានសម្ពន្ធរវាងបុគ្គលនឹងបុគ្គល គណៈនឹងគណៈ ជាតិនឹង ជាតិ នឹងសម្ពន្ធបានយូរ ក៏ព្រោះមានសេចក្ដីទុកចិត្ដគ្នាទៅវិញទៅមក បើគ្មានសេចក្ដីទុកចិត្ដគ្នាទេ នឹងចងមេត្រីដល់គ្នានឹងគ្នាឲ្យយឺនយូរពុំបានឡើយ ។ សេចក្ដីទុកចិត្ដគ្នានេះនឹងកើតឡើងបាន ព្រោះ មានការប្រព្រឹត្ដសុចរិត ពោលគឺតាំងខ្លួននៅក្នុងសីលធម៌នោះឯង ។
ប្រការ១ទៀតក្រៅពីមានប្រយោជន៍ចំពោះខ្លួនអ្នកប្រតិបត្ដិហើយ ការប្រព្រឹត្ដសីលធម៌នេះ អាចជាប្រយោជន៍ដល់ពួកគណៈ ឬដល់ប្រទេសជាតិ ព្រោះអ្នកប្រតិបត្ដិសីលធម៌នេះអាចដឹកនាំពួក ជនអោយមានសាមគ្គីធម៌ ។ កាលជនទាំងឡាយមានសាមគ្គីធម៌បរិបូណ៌ហើយ ក៏ជាកំលាំងដល់ ប្រទេសជាតិ ដែលយើងអាចនឹងរក្សាឥស្សរភាពឲ្យបានឋិតឋេរចិរកាលឬពង្រីកឥស្សរភាពអោយ បានទូលំទូលាយ ក៏មកពីមានសាមគ្គីធម៌ ។ ការប្រព្រឹត្ដសីលធម៌ដ៏មានប្រយោជន៍ដូចពោលមកនេះ ទើបជាកិច្ចដែលយើងត្រូវតែប្រតិបតិ្ដ ដោយខានមិនបាន គឺបើយើងនឹងធ្វើកិច្ចការអ្វីមួយគួរតែធ្វើឲ្យ ត្រូវតាមគន្លងធម៌គន្លងច្បាប់ បើយើងនឹងតាំងច្បាប់អ្វីមួយត្រូវតាំងជាច្បាប់យុត្ដិធម៌ កុំតាំងជាច្បាប់ អយុតិ្ដធម៌ឡើយ បើយើងប្រព្រឹត្ដធម៌ ធម៌ក៏នឹងរក្សាយើងអោយបានប្រាសចាកភយន្ដរាយទាំងពួង សមដូចព្រះពុទ្ធភាសិតថា" ធម្មោ ហវេ រក្ខតិ ធម្ម ចារឹ" ធម៌នោះឯងតែង រក្សាអ្នកប្រព្រឹត្ដធម៌អោយបាន សេចក្ដីសុខសេចក្ដីចំរើន គ្រប់ទិវារាត្រីកាល"





ចប់




Related Posts

comment 0 comments:

Post a Comment

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ តែសូមមេត្តាជៀសវាងប្រើប្រាស់ពាក្យ​ អសុរសគ្រោតគ្រាធ។ អរគុណ!

អត្ថបទដែលទាក់ទង៖

 
© 2010 សុផល
Template