ព្រះនាមដើម ជួន ណាត
ព្រះនាមពេញ សម្ដេចព្រះសង្ឃរាជ គណៈមហានិកាយ ជួន ណាត ជោតញ្ញាណោ
ប្រសូត ព.ស.២៤២៧/គ.ស.១៨៨៣
សុគត ព.ស.២៥១៣/គ.ស.១៩៦៩ (៨៦ឆ្នាំ)
ឋានៈ សម្ដេចព្រះសង្ឃរាជ (គណៈមហានិកាយ)
ពីព.ស. ព.ស.២៤៩២ ដល់ ព.ស.២៥១៣ (២១ឆ្នាំ)
បន្តពី ប្រាក់ ហ៊ិន
បន្តដោយ ហួត តាត
បន្ទាត់
សម្ដេចព្រះមហាសុមេធាធិបតី ជួន ណាត [អានថា៖ ជួន-ណាត] (ជោតញ្ញាណោ) សម្ដេចព្រះសង្ឃរាជថ្នាក់ទី១ នៃគណៈមហានិកាយ (ប្រសូត ១១ មីនា ព.ស.២៤២៧/គ.ស.១៨៨៣ សុគត ២៥ កញ្ញា ព.ស.២៥១៣/គ.ស.១៩៦៩) ជាសម្ដេចព្រះសង្ឃរាជ អង្គទី២ នៃគណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា។ ទ្រង់កាន់តំណែងពីព.ស.២៤៩២ ដល់ ព.ស.២៥១៣ ក្នុងរជ្ជសម័យព្រះបាទសម្ដេចព្រះ នរោត្ដម សុរាម្រឹត និងសម្ដេចព្រះ ស៊ីសុវត្ថិ កុសុមៈ។
| ព្រះរាជជីវប្រវត្តិ |
សម្ដេចព្រះសង្ឃរាជ ទ្រង់ប្រសូតនៅថ្ងៃអង្គារ ១១រោច ខែផល្គុន ឆ្នាំវក ឆស័ក ព.ស.២៤២៧ គឺថ្ងៃទី១១ ខែ មីនា គ.ស.១៨៨៣ នៅភូមិកំរៀង សង្កាត់រកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ សម្ដេចមានព្រះជាតិក្នុងត្រកូលកសិករ ព្រះមាតានៃសម្ដេចនាម យក់ ព្រះបិតានាម ព្រហ្ម ជួន។ គ្រួសារនេះមានបុត្រតែពីរនាក់គឺ អង្គសម្ដេចព្រះសង្ឃរាជ និងលោកឧកញ៉ាសោភណ្ឌមន្ត្រី ជួន នុត ជាព្រះអនុជនៃ សម្ដេចព្រះសង្ឃរាជ។
| ការសិក្សា |
សម្ដេចកាលឋិតនៅក្នុងកុមារភាព មានព្រះជន្មាយុរវាង១២ឆ្នាំ ព្រះមាតាបិតាបាននាំយកទៅផ្ទុកផ្ដាក់ឲ្យរៀនសូត្រអក្សរសាស្ត្រ របស់ជាតិក្នុងសំណាក់លោកគ្រូសូត្រស្ដាំនាម កែ ម៉ម វត្តពោធិព្រឹក្ស ហៅវត្តពោល្យំ សង្កាត់រលាំងកែន ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។
| ការសាងព្រះផ្នួស |
លុះសម្ដេចមានព្រះជន្មាយុ១៤ឆ្នាំ បានបួសជាសាមណេរ ក្នុងថ្ងៃ១៥កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៤៤១ គ.ស.១៨៩៧ នៅបំពេញកិច្ចសិក្សានាវត្តពោធិព្រឹក្ស អស់រយៈកាលពីរឆ្នាំ ទើបចេញអំពីវត្តពោធិព្រឹក្សទៅរៀនសូត្រព្រះបរិយត្តិធម៌ ឯវត្តឧណ្ណាលោម ក្រុងភ្នំពេញ ក្នុងសំណាក់ព្រះពុទ្ធគ្រូ ទេព សោ នាកុដិថែវប្របកំពែងខាងជើងក្នុងកាលព.ស.២៤៤៣ គ.ស.១៨៩៩។
សម្ដេច លុះបានព្រះជន្មាយុគម្រប់២១ព្រះវស្សាបានទ្រង់និមន្តត្រឡប់ទៅសូម ឧបម្បទាជាភិក្ខុ ក្នុងវត្តពោធិព្រឹក្សដែលជាវត្តដើមវិញ ដោយមានព្រះតេជព្រះគុណ ព្រះពុទ្ធឃោសាចារ្យ ម៉ា កេត សុវណ្ណប្បញ្ញោជាព្រះឧបជ្ឈាយ៍ កាលលោកនៅជាចៅអធិការវត្តពោធិព្រឹក្សមានព្រះតេជព្រះគុណ កែ ម៉ម មិស្សនាគោ ជាគ្រូសូត្រស្ដាំ និងព្រះតេជព្រះគុណ អ៊ឹម ខឹម តិក្ខប្បញ្ញោ ជាគ្រូសូត្រឆ្វេង សូត្របំពេញកិច្ចឧបសម្បទានៅថ្ងៃ១៤កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៤៤៨ គ.ស.១៩០៤។ សម្ដេចទ្រង់ទទួលព្រះនាមប្បញ្ញត្តិថា ជោតញ្ញាណោ លុះទ្រង់បំពេញឧបសម្បទាជាភិក្ខុភាពរួចហើយ ទ្រង់ក៏និមន្តត្រឡប់មកគង់នៅវត្តឧណ្ណាលោម ទទួលការសិក្សាគន្ថធុរៈវិញទៀត។
| កំណត់អំពីឋានន្តរ |
* ព.ស.២៤៨៦ គ.ស.១៩៤២ សម្ដេចទ្រង់បានទទួលឋានន្តរ ជាចាងហ្វាងនៃ សាលាបាលីជាន់ខ្ពស់ ក្រុងភ្នំពេញ ដែលសព្វថ្ងៃកែប្រែឈ្មោះជាពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត។
* ព.ស.២៤៨៨ គ.ស.១៩៤៤ សម្ដេចទ្រង់បានទទួលតំណែងជាចៅអធិការវត្តឧណ្ណាលោម។
* ព.ស.២៤៨៩ គ.ស.១៩៤៥ សម្ដេចទ្រង់បានទទួលនាទីជាអធិបតីនៃថេរសភា គឺក្រុមជំនុំជាន់ខ្ពស់របស់សង្ឃ។
* ព.ស.២៤៩១ គ.ស.១៩៤៧ សម្ដេចទ្រង់បានទទួលនាទីជាអនុប្រធានគណៈកម្មការវប្បធម៌ផ្នែកអក្សរ ក នៃ គណៈកម្មការជាតិខាងការសិក្សា។
* ព.ស.២៤៩២ គ.ស.១៩៤៨ សម្ដេចទ្រង់បានទទួលនាទីជាប្រធានគណៈកម្មការធម្មវិន័យពិនិត្យការ ផ្សាយសៀវភៅសម្រាប់សាលាធម្មវិន័យក្នុងព្រះរាជាណាចក្រ។
* គ.ស.១៩៦១ រហូតមក សម្ដេចទ្រង់ប្រោសមេត្តាទទួលនិមន្តរបស់សមាគមអ្នកនិពន្ធខ្មែរធ្វើ ជាព្រះប្រធាននៃ ការសម្ភាសអក្សរសាស្ត្រ ផ្សាយតាមវិទ្យុជាតិរៀងរាល់ថ្ងៃសុក្រ។
* គ.ស.១៩៦៨ ទ្រង់ទទួលឋានៈជាប្រធានគណៈកម្មការពិនិត្យអត្ថបទផ្សាយជារឿងខាងប្រវត្តិសាស្ត្រខ្មែរ។
* គ.ស.១៩៦៩ ព្រះអង្គទ្រង់ទទួលការតែងតាំងជាប្រធានគណៈកម្មការពិនិត្យ និងកំណត់អំពីន័យរបស់ទង់ជាតិខ្មែរ។
| កំណត់អំពីសមណស័ក្តិ |
ដោយព្រះមហាវិរិយភាពរបស់សម្ដេច ដែលទ្រង់បានបំពេញទាំងផ្លូវព្រះពុទ្ធសាសនា ទាំងផ្លូវលោកដែលយើងបានឃើញជាភស្តុតាង សម្ដេចក៏បានឡើងសមណស័ក្តិជាលំដាប់លំដោយ ដូចតទៅនេះគឺ៖
* ព.ស.២៤៥៤ គ.ស.១៩១០ សម្ដេចបានទទួលការតែងតាំងក្នុងសមណស័ក្តិ ជាព្រះបាឡាត់សាក្យបុត្តិយ៍ (បាឡាត់របស់ព្រះសក្យវង្ស នុត វត្តឧណ្ណាលោម)។
* ព.ស.២៤៥៦ គ.ស.១៩១២ សម្ដេចបានទទួលសមណស័ក្តិជាព្រះគ្រូសង្ឃសត្ថា (ទីឋានានុក្រម សម្រាប់ថ្នាក់ឯករបស់សម្ដេចព្រះសង្ឃរាជព្រះនាម ទៀង)។
* ព.ស.២៤៧៥ គ.ស.១៩៣១ សម្ដេចបានឡើងសមណស័ក្តិជាព្រះសាសនសោភ័ណ (រាជាគណៈកិត្តិយស)។
* ព.ស.២៤៨៤ គ.ស.១៩៤០ សម្ដេចបានឡើងសមណស័ក្តិជាព្រះពុទ្ធឃោសាចារ្យ (រាជាគណៈថ្នាក់ទី២)។
* ព.ស.២៤៨៨ គ.ស.១៩៤៤ សម្ដេចបានឡើងជាសមណស័ក្តិជាព្រះពោធិវ័ង្ស (រាជាគណៈថ្នាក់ទី១)។
* ព.ស.២៤៩២ គ.ស.១៩៤៨ សម្ដេចបានឡើងសមណស័ក្តិខ្ពស់បំផុតជាព្រះមហាសុមេធាធិបតី សង្ឃនាយក គណៈមហានិកាយ។
* ព.ស.២៤៩៤ គ.ស.១៩៥០ ព្រះករុណាជាអម្ចាស់ជីវិតទ្រង់បានប្រោសប្រទានប្រគេនព្រះឋានៈជាសម្ដេចព្រះមហាសុមេធាធិបតី សង្ឃនាយកគណៈមហានិកាយ។
* លុះដល់មកព.ស.២៤៩៨ គ.ស.១៩៥៤ រដ្ឋាភិបាលសហភាពភូមាបានប្រគេនព្រះឋានៈសម្ដេចជា ព្រះអគ្គមហាបណ្ឌិតសហភាពភូមា។
* ស្រាប់តែដល់មកព.ស.២៥០១ គ.ស.១៩៥៧ រដ្ឋាភិបាលសហភាពភូមា បានសូមតម្លើងព្រះឋានៈសម្ដេចជា ព្រះអភិធជៈមហារដ្ឋគរុ នៃសហភាពភូមាទៀត ដែលជាសមណស័ក្តិដ៏ខ្ពស់បំផុតមានតែមួយអង្គក្នុងសហភាពភូមា។
* ខែកុម្ភៈ គ.ស.១៩៦៤ អ្នកនិពន្ធខ្មែរទាំងអស់បានថ្វាយព្រះឋានៈព្រះអង្គជា ព្រះអគ្គនិពន្ធអក្សរសាស្ត្រខ្មែរ និងជាសមាជិកកិត្តិយសនៃសមាគមអ្នកនិពន្ធខ្មែរផង។
* ព.ស.២៥០៧ គ.ស.១៩៦៣ សម្ដេចព្រះ នរោត្ដម សីហនុ ព្រះប្រមុខរដ្ឋនៃប្រទេសកម្ពុជា ទ្រង់បានប្រោសប្រទានព្រះឋានៈសម្ដេចជា សម្ដេចព្រះសង្ឃរាជថ្នាក់ទី១។
* ថ្ងៃទី២៨ ឧសភា ១៩៦៧ ទ្រង់បានទទួលសញ្ញាប័ត្របណ្ឌិតអក្សរសាស្ត្រ ពេញលក្ខណៈអំពីសម្ដេចព្រះប្រមុខរដ្ឋក្នុងនាមមហាវិទ្យាល័យអក្សរសាស្ត្រ និងមនុសាស្ត្រ នៃភូមិន្ទសកលវិទ្យាល័យ។
| កំណត់អំពីឥស្សរិយយស |
គ្រឿងឥស្សរិយយសដែលសម្ដេចបានទទួលមានដូចតទៅនេះ គឺ៖
* មេដាយអស្សឫទ្ធិមុនីសារភរណ៍ នៅព.ស.២៤៦១ គ.ស.១៩១៧។
* មេដាយអស្សឫទ្ធិព្រះរាជាណាចក្រកម្ពុជា នៅព.ស.២៤៦៧ គ.ស.១៩៣២។
* មេដាយអស្សឫទ្ធិដំរីមួយលាន និងស្វេតច្ឆត្រ ប្រទេសលាវ នៅព.ស.២៤៧៦ គ.ស.១៩៣២។
* មេដាយសេនានៃបណ្ឌិតសភា សាធារណរដ្ឋបារាំង នៅព.ស.២៤៨១ គ.ស.១៩៣៧។
* មេដាយអស្សឫទ្ធិដឹឡាឡេស្យុងដូណ្ណើរ នៃសាធារណរដ្ឋបារាំង នៅព.ស.២៤៨៦ គ.ស.១៩៤២។
* មេដាយសេនា នៃព្រះរាជាណាចក្រកម្ពុជា នៅព.ស.២៤៨៨ គ.ស.១៩៤៤។
* មេដាយសេនាដឹឡាឡេស្យុងដូណ្ណើរ នៃសាធារណរដ្ឋបារាំង នៅព.ស.២៤៩២ គ.ស.១៩៤៨។
* មេដាយមហាសិរីវឌ្ឍន៍ ព្រះរាជាណាចក្រកម្ពុជា នៅព.ស.២៥០៥ គ.ស.១៩៦២។
* មេដាយមហាសិរីវឌ្ឍសុវត្ថារា នៅព.ស.២៥០៦ គ.ស.១៩៦៣។
* មេដាយជាតូបការ ដែលជាគ្រឿងឥស្សរិយយសធំបំផុត ក្នុងព្រះរាជាណាចក្រកម្ពុជា នៅព.ស.២៥១៣ គ.ស.១៩៦៩។
| ព្រះទិវង្គត |
សម្ដេចព្រះសង្ឃរាជ ទ្រង់សោយទិវង្គតនាថ្ងៃព្រហស្បតិ៍ ១៤កើត ខែភទ្របទ ត្រូវនឹងថ្ងៃ២៥ កញ្ញា ១៩៦៩ វេលាម៉ោង២០និង២០នាទី នៅវត្តឧណ្ណាលោម រាជធានីភ្នំពេញ។
| ព័ត៌មានទាក់ទង |
* សូមអានព្រះរាជជីវប្រវត្តិលម្អិតរបស់ព្រះអង្គនៅ៖ គេហទំព័រព្រះអង្គ www.chuonnat.wordpress.com
0 comments:
Post a Comment
លោកអ្នកអាចបញ្ចេញមតិនៅទីនេះ តែសូមមេត្តាជៀសវាងប្រើប្រាស់ពាក្យ អសុរសគ្រោតគ្រាធ។ អរគុណ!