+ + + + +
ក្នុងរដូវចូលឆ្នាំខ្មែរ មិនដឹងជាមានអីចែកជូនបងប្អូន មានតែបទចំរៀង ចឹងសូមរីករាយបទចំរៀងចំនួនពីរបទច្រៀងដោយ៖ ថន សាមុតស៊ីថុន ស្ដាប់មើលថាតើ ទឹកដមសំលេងរបស់គាត់ពីរោះដូចអ្នកចំរៀងសំលេងមាស លោកតាស៊ិន សាមុតដែរទេ? ចំពោះរូបខ្ញុំផ្ទាល់ សំលេងរបស់គាត់ពិតជាពីរោះមិនចាញ់អ្នកចំរៀងជំនាន់មុនប៉ុន្មានទេ។ ចឹងដើម្បីកុំអោយរងចាំយូរ សូមរីករាយទាំងអស់គ្នាដូចខាងក្រោម៖
អ្នកចម្រៀងឆ្លងដែនស្ម័គ្រចិត្តបន្តសិល្បៈលើទឹកដីកម្ពុជា
ថ្វីត្បិតតែមានដើមកំណើតជាត្រកូលកសិករក្រីក្រ ប៉ុន្តែដោយសារតែឧបនិស្ស័យ និងការខិតខំតស៊ូពុះពារលើវិថីសិល្បៈ គណៈប្រតិភូចម្រៀងកម្ពុជាតំណាងឲ្យប្រទេសបារាំង លោក ថន សាមុតស៊ីថុន បានខិតខំប្រឹងប្រែងអភិវឌ្ឍខ្លួនឯង តាំងពីកុមារភាពរហូតទទួលបានជ័យលាភីលេខ១ ពីមហោស្រពសិល្បៈចម្រៀងខ្មែរជាសកលឆ្នាំ ២០១០ ផ្នែកចម្រៀងសម័យដែលមានបេក្ខជនខ្មែររាប់រយនាក់ ទូទាំងពិភពលោកចូលរួមប្រឡង។
បទចម្រៀងចាស់ៗដែលធ្លាប់លាន់ឮយ៉ាងគ្រលួចចេញពីម៉ាញ៉េចាក់ កាសែត នៅតាមស្រុកស្រែចម្ការ ត្រូវបានស្ងប់ស្ងាត់ ដោយសារការលេបត្របាក់នៃបទញាក់កន្ត្រាក់ថ្មីច្នៃពីបរទេសនោះ ស្រាប់តែត្រូវបានគាស់កកាយមកវិញ តួយ៉ាងបទ ព្រាត់ភ្នំសំពៅរបស់លោក ស៊ីន ស៊ីសាមុត ជាដើម។ អ្វីដែលខុសគ្នានោះនៅត្រង់ថា អ្នកបង្ហើសំនៀងគឺជាលោក ថន សាមុតស៊ីថុន ទៅវិញទេ ដែលធ្វើឲ្យរំពងពេញអគារកោះពេជ្រទាំងមូល។ អ្នកណាៗក៏រំជួលចិត្ត មិនថាអ្នកស្តាប់ប៉ុណ្ណោះទេ សូម្បីតែគណៈកម្មការក៏ត្រូវបានអង្រួនបេះដូងឲ្យផ្តល់ពិន្ទុ យ៉ាងខ្ពស់ដល់បេក្ខជនរូបនេះ ជាប់ជ័យលាភីលេខ១ផងដែរ។
ក្រោមការណែនាំរបស់សមាគមសិល្បៈកុមារឥណ្ឌូចិនឲ្យចូលរួមក្នុង ការ ប្រកួតនេះ ក្នុងចំណោម គណៈប្រតិភូចម្រៀងតំណាងឲ្យប្រទេសបារាំង៤រូប លោក ថន សាមុត ស៊ីថុន គឺជាបេក្ខជនតែម្នាក់គត់ ដែលបានជាប់ជ័យលាភី។
ទោះបីជាកំពុងរស់នៅលើទឹកដីប្រទេសបារាំងក៏ដោយ ក៏លោក ស៊ីថុន មិនបោះបង់សិល្បៈចម្រៀងដែលជាឫសកែវនៃអនាគតដែរ ហើយលោកថ្លែងថា៖ «ក្រៅពីអាជីពជាចុងភៅដាំស្លនៅភោជនីយដ្ឋាន ខ្ញុំតែងតែឆ្លៀតពេលទំនេរថ្ងៃចុងសប្តាហ៍ចេញច្រៀងនៅតាម ភោជនីយដ្ឋាននៅប្រទេសបារាំង»។
អ្នកចម្រៀងវ័យ៣១ឆ្នាំរូបនេះថ្លែងថា៖ «ដោយសារតែសិល្បៈនេះហើយទើបធ្វើឲ្យខ្ញុំមានវាសនាបានជួប ភរិយាខ្ញុំ ដែលស្រឡាញ់វិស័យសិល្បៈដូចគ្នា ហើយទៅរស់នៅទីក្រុងប៉ារីសប្រទេសបារាំងជាមួយគ្នា»។
ក្នុងត្រកូលកសិករដែលស្រឡាញ់វិស័យសិល្បៈ
ថ្វីត្បិតតែជាអាណិកជនខ្មែររស់នៅប្រទេសបារាំង លោកថន សាមុតស៊ីថុន បានប្រាប់ថា លោកមានឈ្មោះដើមគឺ ថន ច័ន្ទថុន ដែលជាកូនកសិករក្រីក្រមួយរូប មានបងប្អូន ៥នាក់ ដែលមានឪពុកជាជាងគំនូរ និងម្តាយជាអ្នកលក់ចាប់ហ៊ួយនៅ ភូមិចន្ទូង ឃុំជីគរ ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម។
លោកស៊ីថុន បានរំឭកថា៖ «ដោយសារតែទឹកចិត្ត ចូលចិត្តស្រឡាញ់វិស័យចម្រៀង និងបានឃើញពីសមត្ថភាពរបស់ខ្ញុំ តាំងពីខ្ញុំអាយុជាង ១០ ឆ្នាំមក ទោះបីជាក្រយ៉ាងណា ក៏ឪពុកខ្ញុំខំប្រមូលលុយដែលសន្សំបានមកទិញម៉ាញ៉េ និងកាសែតចម្រៀងរបស់លោកស៊ីន ស៊ីសាមុត ឲ្យខ្ញុំរៀនច្រៀងតាម និងខិតខំបង្ហាត់បង្រៀនដល់ខ្ញុំផង»។
នៅឆ្នាំ១៩៩៨ ដោយសារតែចំណាប់អារម្មណ៍នឹងសំឡេងរបស់លោក មានថៅកែឈើដែលក្រោយមកបានក្លាយទៅជាឪពុកម្តាយធម៌របស់លោក បានសុំរាប់អាន និងទំនុកបម្រុងលោកយកទៅរស់នៅឯទីក្រុងភ្នំពេញ ពេលនោះហើយដែលលោកបានចាប់ផ្តើមអាជីពចម្រៀងដំបូងបង្អស់របស់លោកនៅ ភោជនីយដ្ឋាន កាដូ នៅព្រែកលៀប។
លោកបានរំឭកថា ៖ «ខ្ញុំអាចនៅចាំបានទាំងអស់ ពេលនោះខ្ញុំបានទទួលកម្រៃត្រឹម ២ដុល្លារប៉ុណ្ណោះក្នុងមួយយប់។ ប៉ុន្តែខ្ញុំត្រូវជួលម៉ូតូឌុប ២៤ ដុល្លារក្នុង១ខែ ដើម្បីដឹកខ្ញុំពីផ្ទះទៅកន្លែងច្រៀង»។
បន្ទាប់មកទៀត លោកក៏ត្រូវបានអ្នកនិពន្ធបទភ្លេងម្នាក់នៅផលិតកម្មហ្គោលដិនស៊ីឌី ឈ្មោះ ផល្លី ទាក់ទងឲ្យច្រៀងចម្រៀងឲ្យផលិតកម្មរបស់គេបានជិត២ឆ្នាំ ដែលពេលនោះកម្រៃរបស់លោកអាចឡើងបាន ៤ ដុល្លារ ក្នុង ១ យប់។
ប្ដូរឈ្មោះរំឭកដល់លោក ស៊ីន ស៊ីសាមុត
ក្រោយពេលបានជួបជាមួយនឹងលោកគ្រូពេទ្យម្នាក់ ឈ្មោះ ធា ដែលត្រូវជាបងធម៌របស់លោក ថៃ នរសត្យា ដែលបច្ចុប្បន្នគឺជា រដ្ឋលេខាធិការ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោក ស៊ីថុន ក៏ត្រូវបានណែនាំឡើងច្រៀង នៅប៉ុស្ដិ៍បាយ័ន ប្រចាំកម្មវិធី វេទិកាតារាចម្រុះ ។ ពេលនោះហើយដែលលោកត្រូវបានកែពី ថន ច័ន្ទថុន ទៅជា ថន សាមុតស៊ីថុន ដោយសារតែការគោរព ស្រឡាញ់ និង ចង់រំឭកជានិមិត្តរូបនូវសំនៀងរបស់លោក ស៊ីន ស៊ីសាមុត ដែលលោក ស៊ីថុន តែងតែយកធ្វើជាគំរូ។
លោកបញ្ជាក់ថា៖ «ថ្វីត្បិតតែ លោកមិនមែនជាគ្រូដោយផ្ទាល់របស់ខ្ញុំ ប៉ុន្តែការហាត់រៀនរបស់ខ្ញុំតាមសំនៀងដើមរបស់លោកធ្វើឲ្យខ្ញុំ តែងតែគោរពនឹងចាត់ទុកលោកជាគ្រូទី ១ ពេញមួយជីវិតរបស់ខ្ញុំ»។
លោកបានបន្តថា៖ «នៅពេលឡើងច្រៀង ឬពេលបុណ្យទានផ្សេងៗ ខ្ញុំតែងតែធ្វើការបន់ស្រន់ឧទ្ទិសដល់គុណូបការៈដ៏ខ្ពង់ខ្ពស់របស់ លោកចំពោះប្រជាជាតិ និងវប្បធម៌ជាតិទាំងមូល»។
ក្រៅពីនេះ លោកក៏បានរំឭកដល់អ្នកមានគុណដទៃទៀតថា៖ «ខ្ញុំចង់ថ្លែងអំណរគុណដល់អ្នកគ្រប់គ្នាតាំងពីឪពុកម្តាយធម៌ លោក ថៃ នរសត្យា និងភរិយារបស់លោក និងគ្រូផ្សេងៗទៀតរបស់ខ្ញុំ ជាពិសេសគឺក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងក្រុមហ៊ុននានា ជាពិសេសគឺអគ្គនាយកធនាគារកាណាឌីយ៉ា ដែលបានឧបត្ថម្ភគ្រប់បែបយ៉ាងក្នុងការធ្វើដំណើរតាំងពីនាយសមុទ្រ មក»។
លោក ស៊ីថុន យល់ថា៖ «គ្រូទី១របស់ខ្ញុំ គឺកាសែតចម្រៀងរបស់លោក ស៊ីន ស៊ីសាមុត ទី២ គឺលោកឪពុក ទី៣ លោក ផល្លី និង ចុងក្រោយគឺលោក សួង ពុទ្រា លោក ប៊ិន ដាវីដ និងលោក ម៉ម សុគន្ធា ដែលសុទ្ធតែជាអ្នកធ្លាប់ជួយបង្ហាត់បង្រៀនដល់ខ្ញុំ»។
ប្រវត្តិស្នេហ៍លើវិថីសិល្បៈចម្រៀង
អ្នកចម្រៀងនៃខេត្តកំពង់ចាមរូបនេះ បានរំឭកពីអនុស្សាវរីយ៍ដែលលោកបានជួប ភរិយារបស់លោកដំបូងបង្អស់ដោយចៃដន្យ នៅពេលដែលមានការរៃអង្គាសប្រាក់ដើម្បីជួយប្រជាជនខ្មែររងគ្រោះ ដោយសារទឹកជំនន់កាលពីជាង១០ឆ្នាំមុន ។
ដោយសារតែមានការចាប់អារម្មណ៍ពីទឹកដមសំឡេងរបស់លោក ភរិយារបស់លោក ពេលនោះក៏ចាប់ផ្តើមសុំចាប់ដៃគូចម្រៀង ច្រៀងឆ្លើយឆ្លង ជាមួយលោក និងណែនាំចង់ឲ្យលោកសហការថតបទចម្រៀង នៅពេលដែលផលិតកម្មរបស់គាត់នៅប្រទេសបារាំងចាប់ដំណើរការ។
ក្រោយមកដោយសារតែការអាណិតស្រឡាញ់ ដល់អាណិកជនខ្មែរដែលស្នេហាវិស័យសិល្បៈដូចគ្នា តែមិនប្រកាន់វណ្ណៈមានក្រចំពោះលោក ហើយសុខចិត្តពុះពារគ្រប់បែបយ៉ាង ដើម្បីសហការការងារសិល្បៈជាមួយគ្នា ទីបំផុតលោកក៏បានប្រើពាក្យថា «ចុះចាញ់សារភាពស្នេហ៍» ជាមួយនឹងទឹកមុខញញឹម នៅចំពោះមុខភរិយារបស់លោកដែលរៀបការតាំងពីឆ្នាំ ២០០៤ នៅឯប្រទេសបារាំងដោយ សព្វថ្ងៃអ្នកទាំងពីរមានកូនស្រីម្នាក់អាយុ ៤ឆ្នាំ។
អ្នកស្រី តាំង ស្រីពេជ្រ ភរិយារបស់លោក ស៊ីថុន ដែលបានចូលរួមប្រឡងជាមួយគ្នានេះ បានប្រាប់ភ្នំពេញប៉ុស្តិ៍ ថា ការស្រឡាញ់ចូលចិត្តវិស័យសិល្បៈ បានជំរុញឲ្យអ្នកស្រីបានចាប់អារម្មណ៍ហាត់ច្រៀងតាំងពីអាយុ ៦ ឆ្នាំមក។
អ្នកចម្រៀងកូនកាត់ចិនរូបនេះបានឲ្យដឹងថា ការចូលរួមប្រឡងចម្រៀងលើកនេះ អ្នកស្រី បានតាំងចិត្តថាមិនយកជ័យជម្នះឡើយ។
អ្នកស្រី បានពោលថា៖ «ខ្ញុំគ្រាន់តែមានចិត្តមកចូលរួមដើម្បីការសប្បាយរីករាយជួបជុំ ជាមួយសិល្បករ សិល្បការិនីទាំងអស់ មិនចង់ប្រកួតប្រជែងទេ ព្រោះខ្ញុំគិតថា បើខ្ញុំមិនប្រជែង យ៉ាងហោចណាស់ក៏មានអ្នកចម្រៀងខ្មែរម្នាក់ទៀតដែលគ្នា មានសមត្ថភាពខំពុះពារប្រឡងនោះបានជាប់ដែរ»។
អ្នកស្រីបានវាយតម្លៃថា៖ «បេក្ខជន បេក្ខនារីទាំងអស់សុទ្ធតែមានសមត្ថភាពប្រហាក់ប្រហែលគ្នា ពិបាកក្នុងការជ្រើសរើសណាស់ ហើយពួកគាត់សុទ្ធតែមានការខំប្រឹងប្រែងណាស់ ដោយខំស្កាត់តាំងពីស្រុកស្រែចម្ការចូលរួមប្រឡង ដូច្នេះខ្ញុំមិនអាចប្រកួតប្រជែងអ្វីទៀតឡើយ»។
ចំពោះការងារសិល្បៈនាពេលបច្ចុប្បន្ន អ្នកស្រី តាំង ស្រីពេជ្រ និងស្វាមីកំពុងតែដំណើរការការងារនៅផលិតកម្មផ្ទាល់របស់អ្នកស្រី ដែលដាក់ឈ្មោះថា «ពន្លឺរាជសីហ៍»។ ទៅថ្ងៃអនាគតលោក ស៊ីថុន ក៏គ្រោងនឹងបើកផលិតកម្មដោយខ្លួនឯង ដោយលោកធ្លាប់មានបទពិសោធនិពន្ធបទភ្លេង និងបទចម្រៀង ដោយខ្លួនឯងស្រាប់។ សព្វថ្ងៃលោក ស៊ីថុន កំពុងតែព្យាយាមរៀនអក្សរភ្លេង និងខំស្វែងរកអត្តសញ្ញាណរបស់ខ្លួនបន្ថែមទៀត ទោះបីជាលោករៀនយករបៀបរបបច្រៀងតាម លោក ស៊ីន ស៊ីសាមុត ក៏ដោយ។
ចំពោះសំណើរផ្សេងៗដែលក្រសួងនឹងស្នើដល់រូបលោកដែលជាម្ចាស់ជ័យ លាភី ឲ្យជួយបម្រើការនោះលោក ស៊ីថុន បានប្រាប់ថា លោកនឹងពិចារណាប្រសិនបើមាន តែពេលនេះលោកមិនទាន់អាចត្រឡប់មករស់នៅប្រទេសកម្ពុជាបានភ្លាមៗ ទេ ៕
Sources: Phnom Penh Post
0 comments:
Post a Comment
លោកអ្នកអាចបញ្ចេញមតិនៅទីនេះ តែសូមមេត្តាជៀសវាងប្រើប្រាស់ពាក្យ អសុរសគ្រោតគ្រាធ។ អរគុណ!