អវសាន្ដភាសិតនៃពាលបណ្ឌិតវគ្គ
គប់ប្រាជ្ញនាំប្រាណអោយបានសុខ គប់ពាលនាំស្ដុកទុក្ខមកសង
គប់ប្រាជ្ញនាំឃ្លាតចាកបាបផង គប់ពាលសៅហ្មងជាប្រក្រតី។
គប់ប្រាជ្ញនាំប្រាណទៅស្ថានសួគ៌ គប់ពាលនាំតួទៅអវចី
គប់ប្រាជ្ញនាំប្រាណអោយបានថ្លៃ គប់ពាលចង្រៃនាំថោកទាប។
គប់បា្រជ្ញនាំប្រាណអោយធ្វើបុណ្យ គប់ពាលទុរ៌ជននាំធ្វើបាប
គប់ប្រាជ្ញនាំប្រាណអោយបានសុភាព គប់ពាលថោកទាបនាំហឹង្សា។
គប់ប្រាជ្ញនាំប្រាណរក្សាសីល គប់ពាលខូចខិលនាំផឹកស្រា
គប់ប្រាជ្ញនាំប្រាណបានអាចារ្យ គប់ពាលមិច្ឆាកើតអាចោរ។
គប់ប្រាជ្ញនាំប្រាណអោយបានប្រាជ្ញ គប់ពាលអាចនាំអោយពាលា
គប់ប្រាជ្ញនាំចិត្ដគិតត្រូវធម៌ គប់ពាលនាំវរចិត្ដគិតខុស។
គប់ប្រាជ្ញនាំចម្រើនប្រយោជន៍ គប់ពាលនាំហោចហិនហៃចុះ
គប់ប្រាជ្ញនាំអោយសាមគ្គីស្មោះ គប់ពាលចិត្តទ្រុស្ដនាំបែកបាក់។
គប់ប្រាជ្ញនាំអោយចេះអត់ធន់ គប់ពាលទុរ៌ជននាំកាប់ចាក់
គប់ប្រាជ្ញនាំអោយចេះទុកដាក់ គប់ពាលអប្បលក្ខណ៍នាំខ្ជះខ្ជាយ។
គប់ប្រាជ្ញនាំប្រាណខ្ពស់ជានិច្ច គប់ពាលនាំលិចលង់អន្តរាយ
គប់ប្រាជ្ញនាំទៅនិព្វាននាយ គប់ពាលនាំទៅអបាយភូមិ៕
កម្ពុជសុរិយា ឆ្នាំ១៩៤៩ ភាគ២
ចំលងដោយ៖ សុផល
កាណាដា ថ្ងៃទី២៧ .១១. ២០១០
ដាក់ចែកជូនជាចំនេះដឹងដល់កូនខ្មែរគ្រប់រូបដែលប្រាថ្នាចង់អាននិងស្រាវជ្រាវតាមអ៊ិនធឺណែត។
0 comments:
Post a Comment
លោកអ្នកអាចបញ្ចេញមតិនៅទីនេះ តែសូមមេត្តាជៀសវាងប្រើប្រាស់ពាក្យ អសុរសគ្រោតគ្រាធ។ អរគុណ!