Buddhism compare to other religions

ភាគទី៣

កំណើតព្រះពុទ្ធសាសនា

ក្នុងសម័យដែលព្រះបរមគ្រូយើង ទ្រងចាប់បដិសន្ធិ ក្នុងពួកអរិយៈនោះ ប្រទេសឥណ្ឌៀចែកចេញជាពីរអាណាចក្រ មានស្ដេចផែនដីសោយរាជ្យគ្រប់អាណាចក្រ ។ព្រះសម្ពុទ្ធរបស់យើងកើតក្នុងខត្តិយត្រកូលក្នុងអាណាចក្រភាគលើព្រះបិតានាម សិរិសុទ្ធោទនៈ សោយរាជ្យនៅក្នុងកបិលភស្តុ ព្រះមាតាព្រះនាម មហាមាយា។ កាលប្រសូត្រហើយ មានឫសីទាយថានឹងបានជាស្ដេចចក្រ បើមិនដូច្នោះទេ នឹងបានត្រាស់ជាព្រះពុទ្ធ ។ កាលទ្រង់ ចំរើនវ័យឡើង ព្រះបិតាមានព្រះរាជបំណងចង់ឲ្យសោយរាជ្យត សន្ដតិវង្ស។ ដើម្បីការពារមិន អោយនឿយណាយក្នុងលោកិយសុខ ព្រះបិតាទ្រង់ចាត់ចែងបំរុងគ្រឿងត្រេកត្រអាលផ្សេងៗ មានស្រីស្រិង្គារជាដើមអោយនៅចោមរោមបំរើជានិច្ច ។ ទោះបីដូច្នោះ ព្រះមហាក្សត្រក៏នៅតែ រលាស់ចោលចេញបាន ស្ដេចចេញទ្រង់មហាភិនិស្រ្កម បំពេញទុក្ករកិរិយាបានសេចក្ដី ពិបាកដ៏ លើសលុប ដើម្បីពិសោធន៏រកសេចក្ដីពិត ក្នុងទីបំផុតទ្រង់បានសម្រេចព្រះសម្មាសម្ពោធិញ្ញាណ ដូចព្រះបំណង ទ្រង់ទេសនាប្រោសសត្វឲ្យបានមគ្គផលខ្លះ ឲ្យតាំងនៅជាកល្យាណបុថុជ្ជនខ្លះ ជោកសិណសាក្សីនៃការត្រាស់ដឹង រួចទ្រង់ប្រតិស្ឋានព្រះពុទ្ធសាសនាឲ្យឋិតថេររៀងមក ។ ពួកយើង អ្នករៀន អ្នកស្ដាប់ព្រះពុទ្ថវចនៈ តែងបានដឹងជាក់ច្បាស់ក្នុងដួងចិត្ដថា ធម៌របស់ព្រះ សម្ពុទ្ធ សុទ្ធតែជារបស់ពិតទាំងអស់ ។
សាសនាស្វិហ្វ ឬអ៊ីស្រាអែល

ចំណែកសាសនាគ្រិស្ដនោះកើតក្រោយព្រះពុទ្ធសាសនាដល់ទៅ៥៤៣ឆ្នាំទាំងពាក្យប្រៀន ប្រដៅដែលសំខាន់ៗក៏ដូចពាក្យប្រៀនប្រដៅរបស់ព្រះសម្ពុទ្ធនៃយើងទាំងអស់ ។ សាសនាគ្រិស្ដនេះ កើតនៅក្នុងប្រទេសស៊ុយដា ក្នុងពួកជនអ៊ីស្រាអែល។ ជនពួកនេះ រាប់អានព្រះ យៈហោវ៉ា តែមួយ អង្គប៉ុណ្ណោះ។ លទ្ធិនេះ ប្រហែលជាប់មកពីពួកព្រាហ្មណ៍ដែលរាប់អានព្រះព្រហ្ម ហើយដែលរត់ទៅពីប្រទេសឥណ្ឌា ។ មុនដែលសាសនាស្វិហ្វនឹងកើតជារូបរាងឡើងនោះមានមុន្នី (អ្នកប្រាជ្ញ) ដែលមានកេរ្ដិ៍ឈ្មោះល្បីល្បាញ ហើយដែលរាប់ថាជាអ្នកកសាងសាសនាគ្រិស្ដ ឈ្មោះ មោសេស៍ ជាអ្នកមានសេចក្ដីចេះដឹង ទាំងជាមេត្រួតត្រាពួកអ៊ីស្រាអែល ដែលនៅក្រោមបង្កប់ព្រះ បាទ ហ្វារ៉ាអុង (Pharaon) ក្នុងប្រទេសអេស៊ីប ។ សម័យនោះព្រះបាទហ្វារ៉ាអុង ទ្រង់រាប់អាន មោសេស៍ ថាជាមុនីយ៉ាងឆ្នើមម្នាក់ ។ កាលមានហេតុការណ៍អ្វីមួយ កើតឡើង ព្រះរាជាទ្រង់ឲ្យ មោសេស៍ទាយហើយទ្រង់ជឿពាក្យដែលមោសេស៍ពិតទូលគ្រប់យ៉ាង ។ សម័យមួយ មានកាឡ កណ្ណីកើតឡើងក្នុងអាណាចក្រអេស៊ិប ព្រះបាទហ្វារ៉ាអុងទ្រង់មានបន្ទូល ឲ្យហៅមោសេស៍មកសួរ ថា តើកាឡកណ្ណីដែលកើតឡើងនេះ នឹងមានហេតុភេទដូចម្ដេច ។ មោសេស៍ទូលថា ការណដែល ពួកអ៊ីស្រាអែល នៅក្រោមបង្កាប់ពួកអេស៊ីប ទាំងត្រូវពួកអេស៊ីបសង្កត់សង្កិនផងនោះ ព្រះជាម្ចាស់ មិនសព្វព្រះទ័យទេ ទើបបណ្ដាលអោយកើតកាឡកណ្ណីយ៉ាងនេះ បើព្រះបាទហ្វារ៉ាអុងមានបំណង ឲ្យអាណាចក្រអេស៊ីបរួចផុតពីអន្តរាយ ត្រូវតែដោះលែងពួក អ៊ីស្រាអែលឲ្យរួចជាអ្នកជា ។ ព្រះបាទ ហ្វារ៉ាអុងទ្រង់ជឿ ក៏ទ្រង់បញ្ជាឲ្យដោះនឹមកំរោលចេញពីពួកអ៊ីស្រាអែល ហើយឲ្យមោសេស៍ជាអ្នក ដឹកនាំពួកអ៊ីស្រាអែលចេញចាកប្រទេសអេស៊ីប ។ ដល់ពេលក្រោយ ទ្រង់បានជ្រាបថា ទ្រង់ចាញបោកមោសេស៍ ក៍ទ្រង់ព្រះក្រេវក្រោធជាពន្លឹក ទ្រង់បញ្ជាឲ្យទាហានលើកទ័ពទៅតាម មោសេស៍ ។ ទាហានលើទ័ពទៅតាមទាន់នៅសមុទ្រក្រហម ។
តាមគម្ពីរនៃអ៊ីស្រាអែលពោលថា កាលមោសេស៍មកដល់ឆ្នេរសមុទ្រក្រហម ព្រះយេហោវ៉ាទ្រង់ បណ្ដាលឲ្យទឹកសមុទ្ររីងមោសេស៍ព្រមទាំងបក្សពួកបានឆ្លងសមុទ្ររួចដល់ត្រើយនាយទាំងអស់ ។ ចំណែករេហ៍ពលព្រះបាទហ្វារ៉ាអុង ដែលលើកដេញតាមទៅនោះ កាលដល់កណ្ដាលសមុទ្រ ព្រះជាម្ចាស់បណ្ដាលអោយទឹកជោរ ពួកពលទាំងនោះក៏លង់ទឹកស្លាប់អស់ ។ ពួកអ៊ីស្រាអែល ដែល រួចផុតពីកណ្ដាប់ដៃអេស៊ីប បានមកតាំងភូមិលំនៅក្នុងប្រទេសស៊ុយដា មានសេចក្ដីចំរើនរុងរឿង ដោយលំដាប់ ។ លទ្ធិសាសនាក្នុងសម័យដែលអ៊ីស្រាអែល រើខ្លួនរួចជាអ្នកជានោះមានការបូជា យញ្ញនឹងការធ្វើតាមពាក្យប្រៀនប្រដៅរបស់មោសេស៍ ជាលទ្ធិស្រដៀងនឹងបែបចាស់របស់ពួក ព្រាហ្មណ៍ ខុសគ្នាបន្ដិចបន្តួច ។
កំណើតសាសនាគ្រិស្ដ

កាលពុទ្ធសករាជកន្លងទៅបាន៥៤៣ឆ្នាំ ព្រះយេស៊ូបានមកចាប់កំណើតបដិសន្ធិក្នុងផ្ទៃមាតា ដែលនៅក្នុងចំណោមជនជាតិអ៊ីស្រាអែល ។ តាមប្រវត្ដិរបស់ព្រះយេស៊ូថា ព្រះយេស៊ូមានមាតា ឈ្មោះម៉ារី បិតាមិនប្រាកដឈ្មោះ ព្រោះនាងមានគភ៌តាំងពីមុនបាន សាំងត៍ យោសេហ្វ (Saint- Joseph) ជាស្វាមី ។ ព្រះយេស៊ូកាលចំរើនវ័យធំឡើង បានជ្រើសរើសយកពាក្យប្រៀនប្រដៅដែល ល្អៗ ក្នុងសាសនាអ៊ីស្រាអែលនោះឯង មកប្រៀនប្រដៅពួកជន ហើយប្រកាសខ្លួនជាកូនព្រះ យេហោវ៉ា មានសិស្សានុសិស្សរិតតែច្រើនឡើង ។ មេសាសនាអ៊ីស្រាអែល ឃើញថា កិរិយាព្រះយេ ស៊ូនេះជាហេតុធ្វើអោយសាបសូន្យសាសនារបស់ខ្លួន ទើបអោយចាប់ព្រះយេស៊ូយកមកប្រហារ ជីវិត ធ្វើទណ្ឌកម្មដោយវាយដែកគោល នៅដៃខ្លះនៅជើងខ្លះ ឆ្កាងដោយឈើឆ្កាង ទុកទាល់តែអស់ ជីវិត ។
សាសនាគ្រិស្ដក្នុងប្រទេសអឺរ៉ុប

កាសព្រះយេស៊ូអនិច្ចកម្មទៅហើយ សាវ័កដែលនៅសេសសល់ ក៍លាក់ខ្លួនបំពូនអាត្មា នៅក្នុងប្រទេសស៊ុយដា តែមិនបានសេចក្ដីសុខ ។ មានសាវ័កម្នាក់ឈ្មោះ សេន្ដពីតេរ រត់ទៅ អាស្រ័យនៅក្នុងក្រុងរោម ។
ជាតិរោមុំាងក្នុងសម័យនោះ ជាជាតិដែលមានអំណាចធំជាងគេក្នុងអឺរ៉ុប ពង្រីអាណាចក្របាន យ៉ាងធំទូលាយ ។ រដ្ឋស៊ុយដាដែលជាទីកើត នៃសាសនាសិ្វហ្វនឹងសាសនាគ្រិស្ដ ក៍នៅក្រោមបង្គាប់ ចក្រពត្ដិរោមុំាងតែលទ្ធិសាសនាជាន់នោះនៅថោកទាបផ្ដេសផ្ដាស់នៅឡើយ កាលសេន្ដពីតេរចូល ទៅនៅក្នុងស្រុករោម បានយកលទ្ធិរបស់ខ្លួនទៅប្រដៅពួករោមុំាងដោយលួចលាក់ ។ ពួកជនានុជន ក៏មានសេចក្ដីជ្រះថ្លាជឿកាន់ដោយច្រើន ។ រដ្ឋាភិបាលរោមុំាងបានដឹងក៏ចាប់សេន្ដពីតេរ យកទៅប្រ ហារជីវិតបង់ ។ ឯសាវ័កដែលនៅសេសសល់បានរួបរួមគ្នា តាំងជាពួកឡើងទៀត ត្រូវរដ្ឋាភិបាល ចាប់ប្រហារទៀត ។ សាសនាគ្រិស្ដត្រូវបានគេចាប់ប្រហារជាច្រើនលើក តែដោយសាសនានេះមាន ខ្លឹមសារជាងសាសនារោមុំាង ទើបអំណឹះតមក សាសនាគ្រិស្ដក៏បានរីកសាយភាយពេញក្រុងរោម។ កាលពួករោមុំាងរាប់អានសាសនាគ្រិស្ដពេញទីហើយ ពេលដែលលើកទ័ពទៅច្បាំងនឹងប្រទេសផ្សេង ៗមានប្រទេសប្រីតន្និក (Pritannigue អង់គ្លេស) នឹងប្រទេសគោឡា (Gola បារាំងសេស) ជាដើម មានជ័យជំនះហើយ សាសនាគ្រិស្ដ ក៏ផ្សាយចូលទៅក្នុងប្រទេសនោះៗផងដែរ ។ តមក សាសនាគ្រិស្ដបានផ្សាយចូលទៅក្នុងប្រទេសដទៃទៀត ដោយអាការដូចបានពោលមកនេះដែរ។តទៅភាគទី៤

Related Posts

comment 0 comments:

Post a Comment

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ តែសូមមេត្តាជៀសវាងប្រើប្រាស់ពាក្យ​ អសុរសគ្រោតគ្រាធ។ អរគុណ!

អត្ថបទដែលទាក់ទង៖

 
© 2010 សុផល
Template